មានការរញ្ជួយនៅអាំងតែរបស់ខ្ញុំ

ម៉ោង ២១ យប់ ថ្ងៃ២៤ ខែមិនា ឆ្នាំ២០១១ នៅអាំងតែខ្ញុំមានការរញ្ជួយមួយដែល ធ្វើអោយភ្ញាក់ផ្អើលទាំងអស់គ្នា ! ខ្ញុំគិតថាខ្ញុំវិលមុខ តែក្រលេកមើល កង្ហារ និងអ្វីដែលព្យួរនៅជញ្ជាំង គឺមានការរង្គើរ គួរសម ! ជាពិសេសគឺ ដបទឹកអប់ខ្ញុំ ក្លេងខ្លោង នៅខាងមុខខ្ញុំ ងាយនឹងឃើញណាស់ !
ឥលូវនិស្សិតខ្លះ នាំគ្នាចុះទៅឈរខាងក្រោម ហើយខ្លះនៅតាប៉ែ នៅមុខបន្ទប់ !
ចាំមើលមានបញ្ហាអីអត់ណ៎…

មកដល់ ហាណូយវិញហើយ


យប់មិញនេះ ខ្ញុំបានធ្វើដំណើរមកដល់ ហាណូយវិញហើយ បន្ទាប់ពី ទៅខ្មែរ អស់រយៈពេលជិត ១ខែ ហើយខ្ញុំមកដល់វិញ ដោយសុខសប្បាយ សូមអរគុណដល់ បងប្អូនសាច់ញាតិ មិត្តភក្តិ និងគ្រួសារ ដែលបានយកចិត្តទុកដាក់កំលុងពេល ដែលខ្ញុំបានទៅខ្មែរ ។
បន្ទាប់មកដល់គឺគ្មានអ្វី ក្រៅពីកាន់សៀវភៅ និង ប៊ិចទៅប្រលងមុខវិជ្ជានយោបាយ ដែលជាលក្ខខណ្ឌ សំរាប់យកសញ្ញាប័ត្រ របស់ខ្ញុំនោះទេ ហើយការប្រលងក៏បានបញ្ចប់នៅព្រឹកនេះដែរ ក្រោយពីនេះ គឺគ្មានអ្វីធ្វើក្រៅពី ដេកស៊ីទៀតហើយ តែខ្ញុំនឹងព្យាយាម មិនអោយពេលវេលារំលងទៅដោយឥតប្រយោជន៏ដែរ គឺ នឹងព្យាយាមបញ្ចប់សៀវភៅដែលខ្ញុំសរសេរ អោយឆាប់ចប់ និង រៀនកម្មវិធីខុសជំនាញខ្លះៗ ដែលត្រូវប្រើ។
សូមអរគុណជាថ្មីម្តងទៀត ពីចំងាយសំរាប់ទឹកចិត្តរបស់មិត្តទាំងអស់។ ហេហេ

កម្មវិធីសិក្សានៅសាកលវិទ្យាល័យសំណង់ហាណូយ

កាលវិភាគសំរាប់ជំនាញសំណង់ស៊ីវិល


ចាប់ពីឆ្នាំសិក្សាថ្មីនេះទៅ សាកលវិទ្យាល័យសំណង់ហាណូយ និង ប្តូរកម្មវិធីសិក្សា ដោយអោយនិស្សិតទាំងអស់ប្រលងតែម្តងគត់ គឺគ្មានការប្រលងសង ដូចរាល់ឆ្នាំទេ ហើយពិន្ទុវិញ ក៏ត្រូបានផ្លាស់ប្តូរប្រពន្ធកំណត់ដែរ ដើយពីមុនគឺដាក់ពិន្ទុតាម រង្វាស់ ១០​/១០ តែឥលូវ គេប្រើ រង្វាស់ ៤ និង និទ្ទេស A; B; C; D; F ជំនួសវិញ។
ពិន្ទុចាស់៖
៨-១០៖ ពូកែ(ក្នុងចាប់ពី ៩ទៅ គឺ Excellent )
៧-៧,៩៖ ល្អ
៦-៦,៩៖ល្អបង្គួរ
៥-៥,៩៖មធ្យម
<៥ ធ្លាក់ ត្រូវប្រលងសងអោយបានលើស ៥ពិន្ទុវិញ
ពិន្ទុថ្មី៖
៤= A ពូកែ ត្រូនឹងពិន្ទុចាស់ ៨,៥-១០
៣= B ល្អ ត្រូវនឹងពិន្ទុចាស់ ៧-៨,៤
២= C មធ្យម ត្រូវនឹងពិន្ទុចាស់ ៥-៦,៩
១= D មធ្យមខ្សោយ ត្រូនឹងពិន្ទុចាស់ ៤-៤,៩ (ក្រុមនេះអាចសុំរៀនសងវិញបាន)
០= F ធ្លាក់ ត្រូវរៀនសងវិញ ត្រូវនឹងពិន្ទុចាស់ < ៤
ចំពោះខ្ញុំគឺស្ថិតនៅ លំដាប់ C មធ្យម មិនអាចទៅណាឆ្ងាយទេ មើលទៅ !
ចំពោះមុខវិជ្ជាសិក្សាវិញ មានប្រែប្រួលខ្លះ ដូចមានក្នុងរូបភាព គឺមួយក្រឡោម គឺសំរាប់១ឆមាស កម្មវិធីរៀនតាម credit ចឹងអាចប្រែប្រួលតាមតែសិស្ស ចុះឈ្មោះយកមុខវិជ្ជាណាមករៀនមុន ឬ ក្រោយតែមានមុខវិជា្ជខ្លះ គឺត្រូវតែរៀនតាមលំដាប់។
ចំពោះមុខវិជ្ជាចាស់សំរាប់ខ្ញុំគឺ ដកកីឡាចេញ គឺរៀន ៧៣មុខវិជ្ជាឯណោះ ! ហាហា ហើយគេរៀន ១០ឆមាស តែជាទូទៅគេអាចបន្ថយមកត្រឹម តែ៩ឆមាស បាន គឺអាចចេញមុនកម្មវិធី ១ឆមាស(ចេញមុនគេប្រហែល២ខែប៉ុណ្ណឹង), ហើយជាជោគជ័យដែរ ដែលខ្ញុំអាចរៀនដោយប្រែតែរយៈពេល ៩ឆមាសដូចសិស្សវៀតណាមដែរ ទោះជាពិន្ទុមិនសូវជាខ្ពស់ដូចគេក្តី ក៏មិនសូវដែលប្រលងសង ញឹកញាប់ ហើយ ក៏មិនដែលនៅបិទគូទ នៅបញ្ជីឈ្មោះដែរ ! ហេហេ នៅសល់តែ រយៈពេលមិនដល់១ ខែទៀតទេ ខ្ញុំនឹងក្លាយជា វិស្វករ នឹងគេដែរ ហើយ !

ប្រៀបធៀបមុខវិជ្ជានៅសាលាតិចណូ និង សាលាសំណង់ហាណូយ

ចំពោះការប្រៀបធៀបមុខវិជ្ជា នេះ ខ្ញុំគ្មានបំណងវាយតំលៃ ពីគុណភាព ឬ កំរិតអប់រំរបស់សាលាណាមួយទេ។ ខ្ញុំគ្រាន់តែស្ទង់មើលថា តើការរៀនរវាងសាលា ទាំង២ ដូចគ្នាត្រង់ចំនុចណាខ្លះ ហើយមានការខ្វះខាតអ្វីខ្លះ ហើយអាចបំពេញអោយគ្នាបាន ឬ អត់ប៉ុណ្ណោះ។

ថ្នាក់មូលដ្ឋាន ឆ្នាំទី១


ថ្នាក់មូលដ្ឋាន ឆ្នាំទី២


ឆ្នាំទី៣ ឆមាសទី១


ឆ្នាំទី៣ ឆមាសទី២


ឆ្នាំទី៤ ឆមាសទី១


ឆ្នាំទី៤ ឆមាសទី២


ឆ្នាំទី៥ នៅសាលាតិចណូ(មិនទាន់រាប់ ចុះសា្ត និងសរសេរសារណា)


តាមវេបសាយ របស់សាលា តិចណូ គឺសរុបមានមុខវិជ្ជាដូចខាងលើ(និងចុះកម្មសិក្សា និងសរសេរសារណា)។ ចំពោះរយៈពេល បង្រៀននៅសាលាតិចណូ គឺ រៀនពីរពេល ចឹងគឺសិស្សត្រូវមកសាលាច្រើនជាការស្រាវជ្រាវនៅផ្ទះ វាល្អម្យ៉ាងដែរ ព្រោះវាធ្វើអោយយើង ចៀសវាងការខ្ជិល ព្រោះអ្នករៀននៅផ្ទះមួយចំនួនតែងតែជួប​បញ្ហានេះ។ រីឯ សាលាសំណង់ហាណូយវិញ គឺរៀនតែមួយពេលទេ ជួនព្រឹក ជួនល្ងាច តែនេះ កម្មវិធីសំរាប់សិស្សទូទៅ គឺមិនដូចថា្នក់ពិសេស ដូចពួក ថ្នាក់វិស្វករគុណភាពខ្ពស់ និង ថ្នាក់វិស្វករភាសាបារាំង(វៀតណាម-បារាំង)។ ចំពោះពួកខ្ញុំគឺរៀនកម្មវិធីទូទៅ ហើយថ្នាក់ពិសេសខាងលើ ប្រហែលរៀនតែមួយពេលដែរ គ្រាន់តែគេមិនរៀនមុខវិជ្ជាខ្លះ សំរាប់បំពេញតំរូវការ ក្នុងប្រទេសវៀតណាម (តែមុខវិជ្ជាទាំងនោះ គឺច្របាច់បញ្ជូលគ្នា រៀនតែម្តងបានទាំង២)។ ចំពោះមុខវិជ្ជាខ្លះដូចខ្ញុំ គូសសញ្ញាខ្វែង ក្នុងរូបខាងលើ គឺខ្ញុំមិនបានរៀនទេ ព្រោះគ្មានក្នុងកម្មវិធី ដូចជាភាសាបារាំងជាដើម ចំនែក Mathlab អ្នករៀនពត៍មានវិទ្យាអនុវត្តក្នុងសំណង់បានរៀន, រីឯ ស្ពាន និងផ្លូវ វិញខ្ញុំក៏មិនរៀនដែរ ព្រោះខ្ញុំរើសយកខាង អគារហើយ (គេចែកតាំងពីឆ្នាំទី១), ឯ Béton Précontraint ខ្ញុំក៏មិនបានរៀនដែរ ព្រោះមុខវិជ្ជានេះ គេអោយពួក Disigner រៀន, ខ្ញុំរើសខាង ចុះការដ្ឋានចឹង មុខវិជ្ជាទាក់ទង នឹងការគណនា និងគ្រប់គ្រងផ្ទាល់ ជាពិសេសគឺ ទំនួលខុសត្រូវ នៅការដ្ឋានតែម្តង។ តែទោះជាយ៉ាងណា ខ្ញុំនឹង(ត្រូវតែ) ព្យាយាម រកពេលរៀនបន្ថែមមុខវិជ្ជាទាំងនោះ ព្រោះខ្ញុំគិតថា វាសំខាន់ និងជាទុនសំរាប់ថ្ងៃក្រោយ។
ខ្ញុំនឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗ… ១ឆមាសទៅរៀនក្នុងថ្នាក់ និង១ឆមាស ទៀតសំរាប់ចុះកម្មសិក្សានិងសរសេរសារណា ហេតុនេះខ្ញុំត្រូវតែខំ មិនអាចអោយធ្លាក់មុខវិជ្ជាណាមួយបានទេ បើសិនជាធ្លាក់តែមួយមុខ ក៏ត្រូវខាត ១មាសដែរ។
តស៊ូ……….

រូបថតខ្លះៗ ក្នុងរយៈពេលជិតមួយឆ្នាំនេះ


ទាំងនេះជាសកម្មភាពមួយចំនួនដែល ខ្ញុំនិងមិត្តភក្តិឯទៀត មានជាមួយគ្នា ជាពិសេសគឺ លោកគ្រូធី, វិសាល, វណ្ណារី, សំណាង និងស៊ុដ ដែលបានមកធ្វើកម្មសិក្សានៅវៀតណាមរយៈកាលកន្លងមក។ ក្នុងនោះមានដូចជា ការលេងកីឡា ការរាំកំសាន្តបុណ្យចូលឆ្នាំខ្មែរ, ប៉ាតម្ស៉ៅ, ចូលរួមពិធីជប់លៀងនៅសណ្ឋាគារ គីម លៀន, ការសំដែងសិល្បៈរបស់និស្សិតខ្មែរ, ការរាំកំសាន្តនៅអាំងទែ ខ្ញុំ ជាពិសេស មានរូបថតជាមួយស្រីវៀតណាម ហើយសូមបញ្ជាក់ថា ក្នុងនោះជាអ្នកដែលស្គាល់គ្នា និងខ្លះជាមិត្តស្រីរបស់មិត្តខ្ញុំទេ ខ្ញុំគ្មានពាក់ព័ន្ធទេ! ហេហេ

Assignment vs Exams

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩

បង្កាន់ដៃប្រលង Le DELF A2 ថ្ងៃ៨ វិច្ឆិកា ២០០៩


ប៉ុន្មានថ្ងៃនេះ មានការរវល់ជាខ្លាំង ដោយរកពេលធ្វើអី មិនត្រូវ ដោយសារ មាន Assignment ៣ និង ការត្រៀមប្រលង យក Le DELF A2 គ្រាន់ទុកបង្អួតកូនចៅ។ អាទិត្យមុនធ្វើការប្រលង សាករៀបចំដោយ CFC បានលទ្ធផល មិនជាល្អប៉ុន្មានទេ គឺ សរសេរ ១៣ពន្ទុ(ប៊ិះ ធ្លាក់ 😆 ) ស្តាប់ ១៦ពិន្ទុ (គ្រាន់បើតិច) អាន ១៩ពិន្ទុ(អាចទទួលយកបាន) និយាយ ២០ពិន្ទុ ( ប៉ះចំវិញ្ញាសារចេះ និយាយ 😀 ) ឃើញថា មិនទាន់បាន ៧៥%(គឺបានតែ​ ៦៨/១០០) ទេ។ ខ្ញុំនឹងព្យាយាមធ្វើអោយបាន ៧៥% និងច្រើនជាងនេះ។
ចំពោះ Assignment វិញរៀន ប៉ះ ប្រធានដេប៉ាត់ម៉ង់ត៏ structure ឈើ-ដែក គាត់រៀបរៀងប្រធានថ្មីដែលថ្នាក់ខ្ញុំជាថា្នក់ដំបូង ធ្វើវិញ្ញាសារហ្នឹង ហើយការគណនាធ្វើតាមគំរូចាស់ដូចអត់សូវត្រូវ ត្រូវគិតឡើងវិញ ១អាទិត្យពិនិត្យម្តង ឯប្លង់ត្រូវគូរលើក្រដាស់ A1 វិញមើលចង់វិលមុខ(ប្លង់គំរូ) គ្មានចន្លោះទេ! ចំនែកឯគណនាគ្រឹះ វិញ មិនដឹងថាយ៉ាងណាទេ ពិនិត្យដីទៅ វាប៉ះតែដី ខ្សោយ ចេញវិធីដោះស្រាយកែលំអដីខ្លួនឯងសិន បានយកអោយគ្រូកែ បើគាត់យល់ថាល្អ មិនចាំបាច់សរសេរឡើងវិញ ព្រោះសរសេរដៃផង(និយាយរួមមានរោគខ្ជិលអាដែល ហិហិ)។ ឯមួយទៀតវិញគឺ គណនាបច្ចេកទេស​ក្នុងការសាងសង់ អគារ មានរក ជើងទំរ សំរាប់ទ្រ ពិតាន សសរ ចាក់បេតុងអីអស់ហ្នឹង គឺ មិនសូវជាអីទេ តែខ្លាចថ្ងៃការពារឆ្លើយជាមួយគ្រូអត់កើត! ហេហេ យ៉ាប់មែនខ្ញុំ!

Mini projet ថ្មីបានមកដល់ហើយ

កិច្ចការបានមកដល់ហើយ ក្តៅៗ ដែលគេថាអាមួយនេះគឺស្រួលជាងគេ នៅសល់ សំនង់ផ្ទះដែក និង គ្រឹះ គឺយ៉ាប់ណាស់ ដែលគេទាមទារអោយធ្វើបានល្អបំផុត បានន័យថាកំរិតល្អៀង Exactement បានយក។
ចំពោះ mini projet នេះ ឬ អាចហៅថា assignment គឺមានទិន្ន័យដូចខាងក្រោម៖
ចំនួនជាន់៖​ ៦ ជាន់ ( អ្នកធ្វើទាបជាងគេ ៥ ជាន់ ខ្ពស់ជាងគេ ១០ជាន់)
ជំហានផ្ទះ៖ ១៧ ដែល ១ជំហានផ្ទះ គឺ ៤ម៉ែត្រ(ក្នុងផ្ទះល្វែង ជំហានផ្ទះនិមួយៗ គឺ ទទឹងផ្ទះនឹងឯង)
បណ្តោយផ្ទះ៖ ៧ម៉ែត្រ×3
ផ្ទះធ្វើការសាងសង់ក្នុងរដូវត្រជាក់
[\sigma]=105 kG/cm^2 (របស់ឈើ)
\gamma=700 kG/cm^3 (របស់ឈើ)
ផ្នែកសំនេរ ត្រូវធ្វើ៖

  1. ផ្អែកលើទិន្ន័យ ចូរគូរប្លង់ នៃផ្ទះដែលនឹងត្រូវធ្វើ
  2. គណនា ទំរ​ ( ទ្រពីក្រោមពិតាន, ទប់សសរ,​…. មុនពេលចាក់បេតុង)
  3. គណនា ទំរពិតាន
  4. គណនា ទំរធ្នឹម
  5. សរសេរ​ ពីបច្ចេកទេសសាងសង់ នៃសំនង់បេតុង-ដែក
  6. គណនាពីដំនើរ, រយៈពេល នៃការប្រើប្រាស់ឧបរណ៏ និង ម៉ាស៊ីនក្នុងវិស័យសំនង់ដែលត្រូវប្រើ
  7. គណាជើងទំរសរុប, ដែកសរុប, បរិមាណបេតុងសរុប
  8. ផ្អែកលើ ទិន្ន័យដែលរកឃើញ កំនត់បរិមាណ ចំនួនកម្មករ និងគណនាការចំនាយ លើកំលាំងពលកម្ម
  9. ចែកសំនង់ជា ផ្នែកៗ ដើម្បីធ្វើការសាងសង់
  10. រៀបរាប់បញ្ហាត្រូវគិតគូរ ក្នុងសុវត្ថិភាពនៃការសាងសង់ ខណៈកំពុងសាងសង់អគារដោយបេតុង-ដែក

ផ្នែកគូរប្លង់៖គូរប្លង់ទាំងអស់លើ ក្រដាស់ A1 រួមមានទិន្ន័យ

  1. ផ្ទៃប្លង់ការដ្ឋាន(ប្លង់បាតផ្ទះ) រួមមាន ធ្នឹម, ពិតាន,សសរ, ទីតាំងដាក់ម៉ាស៊ីនយោង… និងងាយស្រួលអាន(ទាំងវិស្វករនិង អ្នកធ្វើសាងសង់ងាយយល់)
  2. ប្លង់កាត់
  3. រៀបរាប់លំអិតពី ធ្នឹម,សសរ,ពិតាន,…
  4. ខណៈពេលធ្វើការសាងសង់

ក្រៅពីនោះនៅមានទិន្ន័យជាច្រើទៀត ដែលខ្ញុំខ្ជិលសរសេរបញ្ចូលណាស់ដូចជា កំពស់គ្រឹះ,កំពស់ដំបូលជាដើម… ខ្ញុំនឹងព្យាយាមធ្វើការងារនេះអោយល្អ ដើម្បីសល់ពេលធ្វើអាផ្សេងៗ ទៀត!