ទីក្រុងមាសខ្មៅ Ouro Preto

សព្វថ្ងៃនេះ ពេលណាគេនិយាយពីប្រទេសដែលនាំអង្ករចេញច្រើន គេនឹកឃើញភ្លាមពាក្យថា មាស ស ដែលសំដៅទៅពណ៌អង្ករ សំរាប់នាំចេញ ដែលស្តាប់ទៅហាក់ដូចជាមានអស្ចារ្យសំរាប់ប្រទេសនោះ។ ព្រមជាមួយនេះដែរ នៅមានពាក្យ មាសខ្មៅ ត្រូវបានគេសំដៅ ហៅទីក្រុង Ouro Preto ដែលជាដែនដីរបស់ ប្រទេសប្រេស៊ីល ក្នងរដ្ឋ Minas Gerais។ ពាក្យថា Ouro Preto តាមអត្ថន័យរបស់ជនជាតិ និង ភាសា ប៉័ទុយហ្គាល មានន័យថា មាសខ្មៅ។ ទីក្រុងនេះធ្លាប់ជាទី អាណានិគម ជីកយករ៉ែ ហើយសព្វថ្ងៃនេះ ទីក្រុងមួយនេះ បានក្លាយជា តំបន់ទាក់ទាញភ្ញៀវទេសចរណ៏ ហើយក៏បានក្លាយជា បេតិកភណ្ឌ ពិភពលោក របស់ UNESCO ផងដែរ។ អ្វីដែលជួយអោយទីក្រុងអតីត ទឹកដីអាណានិគមមួយនេះ ល្បីល្បាញ គឺដោយសារ សំណង់ស្ថាបត្យកម្ម Baroque ដែលបានបន្សល់ទុកលើទឹកដីនេះ។ ទីក្រុងមួយគឺ ចាប់ផ្តើមកកើតជារូបរាងដំបូងក្នុង ស.វ ទី ១៧ ដោយមានឈ្មោះថា Vila Rica មានន័យថា ភូមិអ្នកមាន ហើយមកដល់សព្វថ្ងៃនេះ មិនសូវមានសំណង់ណាលេចធ្លោ បែបទំនើប នៅក្នុងតំបន់នេះទេ ហើយសំណង់ថ្មីៗ ត្រូវតែគោរពតាម បទដ្ឋាន និងបែបផែនចាស់ ដែលជាហេតុធ្វើអោយ រចនាបថរបស់ ប៉័ទុយហ្គាល់ រក្សាបានស្ទើរតែទាំងស្រុងក្នុងទឹកដី ប្រេស៊ីល និយាយជារួម និង ក្នុងរដ្ឋ Minas Gerais និយាយដោយឡែក។

Vigan ស្រមោលអេស្ប៉ាញ ក្នុងទឹកដីអាស៊ី

Vigan គឺជាទីក្រុងមួយស្ថិនៅលើកោះ Luzon បែមុខទៅកាន់សមុទ្រខាងត្បូង នៃប្រទេស ហ្វីលីពីន។ Vigan ក៏ត្រូវបានទទួល និងចុះជា បេតិកភណ្ឌពិភពលោក របស់ UNESCO ផងដែរ។ Vigan ជាទីក្រុងដែលបន្សល់ទុក ពីអាណានិគម អេស្ប៉ាញ នៅលើទឹកដី ហ្វីលីពិន ដែលរូបរាងដើមស្ទើរតែទាំងស្រុង ត្រូវបានរក្សា ដែលជាហេតុធ្វើអោយតំបន់នេះ ទាក់ទាញភ្ញៀវទេសចរណ៏ និង ជាប់ជាបេតិកភណ្ឌ ពិភពលោករបស់ UNESCO។
អ្វីដែលគួរអោយចាប់អារម្មណ៏នៅក្នុង តំបន់នេះ គឺ សម្បូរទៅដោយជនជាតិ ចិន តែការរស់នៅ ជាពិសេសគឺ សំណង់ស្ថាបត្យកម្ម មិនសូវមានលេចចេញ នូវវប្ប​ធម៌របស់ចិនទេ។


នៅក្នុងសង្គមខ្មែរ ក៏នៅមានបន្សល់នូវ សំណង់របស់អាណានិគមបារាំងដែរ ហើយមួយចំនួនកំពុងតែត្រូវទទួលរងនូវការគំរាមកំហែង ដោយអាយុកាល និងភាពទ្រុតទ្រោម។ ពិតណាស់ថា តាមច្បាប់ធម្មជាតិ យើងមិនអាចរក្សាវា អោយនៅស្ថិតស្ថេរជានិរន្តរិ៏ បានទេ តែយើងអាចធ្វើអោយអស់លទ្ធភាព ដើម្បីរក្សានូវ កេរ្តិ៏ដំណែលទាំងនោះ ព្រោះវាជាភស្តុតាង ប្រវត្តិសាស្ត្រសំរាប់សិក្សាស្រាវជ្រាវ ជាពិសេស គឺអភិវឌ្ឍន៎ វិស័យស្ថាបត្យកម្ម ឬ សំណង់ ដែលជាលក្ខណៈខ្មែរ។