ផ្នែកមួយ នៃ លី យ៉ុង (L’Urbanisme à Lyon)

លី យ៉ុង ជាទីក្រុងមួយនៃប្រទេសបារាំងដែល មានហេដ្ឋារចនាសម្ព័ន្ធ រីកចំរើន បើធៀបនឹងទីក្រុងយើង ឃើញថា រាជធានីយើងនៅចាញ់គេឆ្ងាយណាស់។ អ្វីដែលខ្ញុំចង់លើក ឡើងពេលនេះ គឺចែកគ្នាមើល ពីគំរូនៃការរៀបចំទីក្រុង ឬ ធ្វើនគរូបនីយកម្ម។ ដើម្បីរៀបចំទីក្រុងមួយដែល ចៀសវាងបាននូវបញ្ហាថ្ងៃក្រោយ ដូចជា ចរាចរណ៏ លំនៅដ្ឋាន ទីផ្សារលក់ដូរ ទីលំហកំសាន្ត… គឺជាកត្តាចាំបាច់ សំរាប់អ្នកធ្វើនគរូបនីយកម្ម ការដែលតំបន់មួយ ឬ ទីក្រុងមួយ មិនដើរតាមការរៀបចំនគរូបនីយកម្មនោះទេ ថ្ងៃក្រោយយើងនឹងជួបបញ្ហា។ តួយ៉ាងដូចជាទីក្រុងហាណូយ ផ្ទះរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ សាងសង់កកកុញ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម រីកដូចផ្សឹត…មនុស្សកកកុញរាល់ពេលម៉ោងងាប់ (មុនម៉ោងចូលធ្វើការ និង ម៉ោងចេញធ្វើការ) ព្រោះតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធ នៅមានកំរិត ដូចជា ផ្លូវថ្នល់តូច ប្រជាជនយក ផ្លូវធ្វើអាជីវកម្ម… ជាហេតុរដ្ឋអំណាច បង្ខំចិត្តដោះស្រាយបញ្ហាតាមលទ្ធភាព និង ជាក់ស្តែង។ ក្នុងការដោះស្រាយនោះមានដូចជា សង់ស្ពានអាកាស, សង់ផ្លូវក្រោមដី,… ដែលក្នុងការសាងសង់យើងត្រូវចំណាយពេល និងលុយច្រើនជាងមុន ជាពិសេស កំឡុងពេលសាងសង់ ការកកស្ទះកាន់តែច្រើន។ ហើយថ្មីៗនេះ រដ្ឋគេបានចេញការណែនាំ អោយផ្លាស់ប្តូរម៉ោងធ្វើការរដ្ឋ…ដែលហាក់ដូចជាគ្មានផ្លែផ្កាសោះ ជាងនោះសោតនៅមាន គំរោងទាលុយដើម្បីកំរិតចរាចរណ៏ ចូលទីក្រុង ដែលស្តាប់ទៅហាក់ដូចជា ពិបាកនឹងទទួលយកណាស់។
ជាបទពិសោធន៏យើងត្រូវតែគិតគូរអោយបានច្បាស់លាស់ក្នុងការពង្រីកទីក្រុង ក្នុងបរិបទ ទៅរកការអភិវឌ្ឍដោយនិរន្តរភាព។